
TNAOT News
· 2020-09-10
អាជ្ញាធរខេត្តបាត់ដំបងបានខកខានសម្អាតបរិស្ថានអស់រយៈពេល៥ខែ
#សម្អាត# #សង្គម# #បរិស្ថាន# #ខេត្តបាត់ដំបង# #សេដ្ឋកិច្ចជាតិ#
8414
អាជ្ញាធរខេត្តបាត់ដំបង បានចាប់ផ្តើមបំផុតចលនា ឱ្យអ្នកពាក់ព័ន្ធ មានការចូលរួមសម្អាតបរិស្ថាន ដើម្បីលើកកម្ពស់ ការធ្វើអនាម័យសោភណ្ឌភាពទីក្រុងបាត់ដំបង។
ជាមួយគ្នានេះ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំង ក្នុងការចូលរួមពិធីសម្អាតបរិស្ថាន ដើម្បីលើកកម្ពស់វិស័យបរិស្ថានក្នុងក្រុងបាត់ដំបង ទៅតាមគោលដៅរៀងៗខ្លួន ដែលត្រូវបានកំណត់។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជម្រុញឱ្យបន្តសកម្មភាពសម្អាតបរិស្ថានឡើងវិញ ខណៈមានការខកខានអស់រយៈពេលជាង៥ខែកន្លងមកហើយ។ “យើងប្រារព្ធពិធីសម្អាតបរិស្ថាននេះ គឺ សម្រាប់អនាម័យទីរួមខេត្តបាត់ដំបងផ្ទាល់ ដើម្បីរក្សាសោភណ្ឌភាពឱ្យបានល្អផងដែរ។
សម្រាប់កម្មវិធីសម្អាតបរិស្ថានក្នុងថ្ងៃនេះ គឺមានបំណងលើកទឹកចិត្ត និងក្រើនរំលឹកដល់មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ឲ្យចេះស្រឡាញ់ ថែរក្សាបរិស្ថានឲ្យបានស្អាតជាប់ជានិច្ច។
លោកអភិបាលបានអំពាវនាវថា គ្រប់គ្នាត្រូវចេះសម្អាតមុខផ្ទះ ឲ្យបានស្អាតជានិច្ច ពិសេសត្រូវចេះចោលសំរាមក្នុងធុងសំរាម មិនត្រូវចោលពាសវាលពាសកាល ដែលធ្វើឲ្យអនាម័យសាធារណៈមិនស្អាត ដែលអាចបង្កឲ្យមានការស្ទះលូ នៅខណៈពេលភ្លៀងធ្លាក់ម្តងៗ។
សូមបញ្ជាក់ថា ខេត្តបាត់ដំបង គឺជាខេត្តមួយដែលទទួលបានកិត្តិនាមថា ជាខេត្តដែលសាកសមនិងការទទួលពានរង្វាន់ផ្ការំដួល៣ទង។
ដើម្បីរក្សានូវកិត្តិនាមនេះ លោកអភិបាលខេត្តបានធ្វើការណែនាំដល់មន្ទីរបរិស្ថានខេត្ត រដ្ឋបាលក្រុងបាត់ដំបង និងក្រុមហ៊ុនប្រមូលសំរាម ត្រូវយកចិត្តទុកដាក់ទៅលើការប្រមូលសំរាម និងសម្អាតនៅតាមដងផ្លូវសំខាន់ៗ និងតាមផ្លូវសាធារណៈ ដើម្បីភាពស្រស់ស្អាត និងសោភណ្ឌភាព ក្នុងក្រុងបាត់ដំបងផងដែរ៕ ដោយ៖ ឃួន លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)