
TNAOT News
· 2020-09-11
បើមិនចង់បរាជ័យ គួរជៀសវាងនូវកត្តា៥ យ៉ាងដែលនាំឱ្យទៅមុខយឺត
#អ្នកវិនិយោគ# #អាជីវកម្ម# #សង្គម# #អ្នកជោគជ័យ#
2278
រាជធានីភ្នំពេញ ៖ មានអ្នកជោគជ័យជាច្រើនក្នុងពិភពលោកដែលបានចំណាយពេលវេលាភាគច្រើនរបស់គាត់ទៅលើអាជីកម្មរបស់ខ្លួន ហើយការចំណាយពេលវេលានេះ គឺជាការចំណាយដែលមានអត្ថប្រយោជន៍បំផុតសម្រាប់អ្នកវិនិយោគ ឬអ្នកមានអាជីវកម្មធំ ឬតូចក្នុងដៃ ។ ក៏ព្រោះថា ពួកគេត្រូវការគិតរិះរកមធ្យោបាយនានា ដើម្បីធ្វើយ៉ាងណាឱ្យអាជីវកម្មរបស់ខ្លួនបន្តជោគជ័យតាមយុគសម័យទំនើប ។
ជារឿយៗសម្រាប់អ្នកជោគជ័យភាគច្រើន បើយើងមើលទៅពួកគាត់យើងប្រាកដជា គិតថាពួកគាត់ប្រាកដជាយកមាសប្រាក់ជាធំ ។ ប៉ុន្តែមានអ្នកជោគជ័យខ្លះជាពិសេសអ្នកជោគជ័យទៅលើបច្ចេកវិទ្យា ពួកគាត់បានគិតផ្សេង ព្រោះពួកគាត់ឲ្យតម្លៃទៅលើពេលវេលាដូច្នេះប្រសិនបើអ្នកដើរយឺត ឬឈានយឺតជាងគេតែបន្តិចនោះនឹងបង្អាក់អ្វីមួយសំខាន់របស់ពួកគាត់ក្នុងការឈានទៅមុខ ។
យ៉ាងណាមិញ លោក អួន សារ៉ាត់ ជាអ្នកបណ្តុះបណ្តាលម្នាក់នៅក្នុងក្លិបអ្នកជំនួញឆ្លាត បានលើកសុភាសិតមួយ ដែលបានលើកឡើងថា កំហុសរបស់មនុស្សដែលធំបំផុតគឺ «ការច្រលំថាខ្លួ នឯង នៅមានពេលវេលាច្រើនតទៅទៀត ហើយប្រហែសមិនព្រមចាប់ផ្តើមធ្វើសកម្មភាព ដោយមានលេសមិនចេះចប់មិនចេះហើយ» ។ នេះជាការស្រង់សំដីផ្ទាល់របស់ អ្នកជោគជ័យលំដាប់ពិភពលោកម្នាក់ គឺលោក ស្ទិស ចប (Steve Jobs)។
លោក អួន សារ៉ាត់ បានបន្តថា មានកត្តាជាច្រើន ដែលនាំឱ្យមនុស្សមានភាពយឺតយ៉ាវ ដូចនេះហើយលោកក៏បានធ្វើការបកស្រាយដូចខាងក្រោម ៖ កត្តាទី១ – មិនបានកំណត់កន្លែងដែលយើងចង់ទៅឱ្យបានច្បាស់លាស់ ៖ ត្រង់នេះ មិនថាជាគោលបំណង មិនថាជាក្តីស្រមៃ មិនថាជាសុបិន្ត ឬមិនជាគោលដៅ គឺត្រូវកំណត់ឱ្យបានច្បាស់លាស់ទើបយើងអាចធ្វើដំណើរ ទៅដល់កន្លែងដែលយើងកំណត់។ ប្រសិនបើយើងមិនមានការកំណត់ច្បាស់លាស់នោះទេ វានឹងធ្វើឱ្យយើងស្ទាក់ស្ទើ អល់អែក រារែក និងមានការសង្ស័យ ហើយមិនអាធ្វើសកម្មភាពលោះលះ លឿនលោយ ឆ្ពោះទៅកាន់អ្វីមួយឱ្យពិតប្រាកដនោះទេ។
កត្តាទី២- មិនបានផ្តោតអារម្មណ៍ ៖ ជួនកាលយើងកំពុងតែធ្វើអ្វីមួយ ឬក៏រកស៊ីអ្វីមួយដែលវាមិនទាន់ដំណើរការល្អប្រសើរ ឬដំណើរការតិចតួចដែលបានផលមករិកៗ ប៉ុន្តែយើងក្រឡែកមើលទៅអ្នកដទៃ ឃើញគេកំពុងតែធ្វើកិច្ចការងារ ឬក៏មុខរបរហាក់បីដូចជាកាក់កប ចឹងយើងក៏ផ្លាស់ប្តូរអារម្មណ៍នោះភ្លាម ទៅចាប់អារម្មណ៍លើមុខរបររបស់គេនោះវិញ ចង់ឈប់ធ្វើរបស់ខ្លួនឯង។ ចឹងយើងដកអារម្មណ៍នេះចេញពីកិច្ចការងាររបស់ខ្លួន ដល់ពេលទៅធ្វើវាមិនបានសមសួនដូចបំណងប្រាថ្នា ទើបងាកមកធ្វើការងារខ្លួនឯងនេះវិញ នេះហើយវាមានភាពយឺតយ៉ាវទៅមុខដែរ។
កត្តាទី៣ – ទំលាប់ពន្យាពេល ៖ ពេលខ្លះយើងមានទំលាប់ពន្យាពេល យើងតែងតែ អូហ៌!ចាំសិនទៅ ចាំស្អែក ចាំថ្ងៃ ចាំល្ងាច និងចាំឆ្នាំក្រោយជាដើម។ នេះមិនដឹងថាត្រូវមាន ចាំសិន ឬសិនប៉ុន្មានដងនោះទេ។ សិនម្តង វាអាចនឹងស៊ីជីវិតយើងម្តង សិនម្តងវាគាស់ជើងយើងឱ្យយឺតដំណើរម្តង អ្នកដែលមានទំលាប់រង់ចាំឬអ្នកដែលមានទំលាប់ចាំសិន គឺជាអ្នកដែលកំពុងបំផ្លាញ ពេលវេលាឬអាយុជីវិតខ្លួនឯង ហើយវាជាកំហុសដ៏ធំមួយ។ កត្តាទី៤- ការមិនមានផែនការច្បាស់លាស់ ៖ យើងធ្វើតាមការនឹកឃើញ ធ្វើតាមអារម្មណ៍ ធ្វើតាមស្ថានការណ៍ទាក់ទាញ ឬធ្វើតាមស្ថានការណ៍រុញច្រាន គ្មានការព្យាយាមជាទៀងទាត់។
ការធ្វើដោយគ្មានផែនការច្បាស់លាស់ និងគ្មានការព្យាយាម ជាទៀងទាត់បែបនេះ វាមិនអាចជំរុញឱ្យខ្លួនយើងនេះ ឆ្ពោះទៅមុខបានលឿននោះទេ។ ហើយម្យ៉ាងវិញទៀត វាអាចបណ្តាលឱ្យយើងជួបបញ្ហាជាច្រើនផងដែរ នៅក្នុងដំណើរឆ្ពោះទៅមុខ ប្រសិនបើយើងមានផែនការណ៍ច្បាស់លាស់ នោះប្រាកដជាយើងក៏ត្រៀមដំណោះស្រាយផងដែរ។ កត្តាទី៥)- ការមិនអភិវឌ្ឍន៍សមត្ថភាពខ្លួនឯង ៖ វាប្រៀបបានដូចជាយើងមានពូថៅមួយ ដែលយើងមិនបានសំលៀងផង តែបែរជាយកទៅកាប់ដើមឈើ ឬយើងធ្លាប់បានសំលៀងកាលពីមួយឆ្នាំមុន ហើយទុកចោលធ្វើឱ្យច្រេះចាស់ហើយ យើងយកមកកាប់ដោយមិនបានសំលៀងម្តងទៀត។
អ្នកខ្លះចេះវិជ្ជាគុណហើយ មានចំណេះដឹងហើយ តែមិនប្រើប្រាស់ ឬមិនបានអភិវឌ្ឍន៍ខ្លួនបន្តទៀត បានតែប៉ុណ្ណឹងហើយ យើងចេះហើយណានឹង។ អ្នកខ្លះទៀត យកចំណេះដឹងដែលច្រេះចាស់នោះ យកប្រើដល់ពេលប្រើហើយក៏មានបញ្ហាហើយរត់ទៅសំលៀងវិញ ទំរាំបានប្រើវិញ គេទៅមុខទៀតហើយ ចឹងនឹងហើយធ្វើឱ្យយើងខាតពេលវេលា។ ដូចនេះយើងត្រូវអភិវឌ្ឍន៍ជាប្រចាំ និងគ្រប់ពេលវេលា៕ផ្តល់ចសិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)