
TNAOT News
· 2020-09-14
បញ្ហាទេសន្តរប្រវេសន៍ នឹងត្រូវលើកយកមកជជែកគ្នា ក្នុងកិច្ចប្រជុំអាស៊ានលើកទី១៣ នៅវៀតណាម
#សង្គម# #ទេសន្តរប្រវេសន៍# #កិច្ចប្រជុំ# #អាស៊ាន# #សេដ្ឋកិច្ចជាតិ#
10052
បញ្ហាទេសន្តរប្រវេសន៍ និងក្លាយជាប្រធានបទធំ នៅក្នុងកិច្ចប្រជុំអាស៊ានលើកទី១៣ ដែលគ្រោងនិងរៀបចំធ្វើ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ដោយប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ។
ជុំវិញរឿងនេះ កាលពីព្រឹកថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២០នេះ អង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំសិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិ សម្រាប់កម្ពុជាចូលរួម កិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣ (13th AFML) ស្តីពីការគាំទ្រពលករទេសន្តរប្រវេសន៍ ក្នុងពេលជំងឺរាតត្បាត COVID-19 សម្រាប់សហគមន៍អាស៊ាន ដែលមានការរួបរួម និងឆ្លើយតបទាន់ពេល។
លោកហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗដែរ រាជរដ្ឋាភិបាលកម្ពុជា ត្រូវរៀបចំគណៈប្រតិភូត្រីភាគីជាតិ។
ជាមួយគ្នាផងដែរ នៅក្នុងវេទិកាអាស៊ានលើកទី១២ នាឆ្នាំកន្លងមក បានឯកភាពគ្នា ឱ្យមានកិច្ចពិភាក្សាគ្នាទៅលើប្រធានបទ“ការគាំទ្រពលករទេសន្តរប្រវេសន៍ ក្នុងកំឡុងពេលមានជំងឺរាតត្បាតសកលសម្រាប់សហគមន៍អាស៊ាន មួយដែលមានការរួបរួម និងការឆ្លើយតបទាន់ពេល។
នៅក្នុងវេទិកាអាស៊ានលើកទី១២ កន្លងមកនេះ ក៏បានទាមទារឱ្យមាននូវប្រធានបទថ្មីៗជាច្រើនទៀត ដើម្បីលើកជាអនុសាសន៍ សម្រាប់គាំទ្រដល់ការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ ស្របតាមការប្រែប្រួលនានា នៃដំណាក់កាលថ្មីនៃយុគ្គឌីជីថល ដែលមានឥទ្ធិពលលើលក្ខខណ្ឌនានានៅទីកន្លែងធ្វើការងារ និងប្រភេទការងារ និងជាពិសេសការប្រែប្រួលពិភពការងារ ដោយសារជំងឺរាតត្បាតកូវីដ-១៩ នៅស្ទើរតែគ្រប់ប្រទេសនៅលើសកលលោក។
ការប្រែប្រួលនានា ដែលធ្វើឱ្យពិភពការងារមានស្ថានភាពកាន់តែស្មុកស្មាញបែបនេះ ទាមទារនូវវិធានការជាក់លាក់ ដែលអាចផ្តល់ជូនអ្នកធ្វើការនូវការគាំពារដ៏ត្រឹមត្រូវ ស្មើភាពគ្នា និងការធានាបាននិរន្តរភាពការងាររបស់ពួកគេ។ នេះបើតាមលោកហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ទន្ទឹមនឹងនេះផងដែរ អ្នកពាក់ព័ន្ធបានដាក់កំហិតឱ្យមានវិធានការជាក់លាក់ ដើម្បីជួយឱ្យទេសន្តរប្រវេសន៍ មានសមត្ថភាពគ្រប់គ្រាន់ ទទួលបានឱកាសការងារនៅបរទេស និងមានភាពទន់ភ្លន់ទៅតាមតម្រូវការការងារ ដែលកំពុងតែប្រែប្រួល និងវិវត្តន៍ទៅតាមការជឿនលឿនខាងបច្ចេកវិទ្យា៕ ដោយ៖ ឃួន លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)