
TNAOT News
· 2020-09-15
កូនព្យុះមួយនឹងវាយប្រហារហ្វីលីពីន បន្តទៅវៀតណាម នាំឲ្យកម្ពុជារងឥទ្ធិពលភ្លៀងខ្លាំងចាប់ពីថ្ងៃ ១៦
#ហ្វីលីពីន# #កូនព្យុះ# #គ្រោះធម្មជាតិ# #ភ្លៀង# #សង្គម# #ទឹកជំនន់# #វៀតណាម#
10623
ក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹកថ្ងៃអង្គារ៍នេះ បានព្រមានពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ ក្រោយខ្យល់មូសុងនិរតី កំពុងបង្កើនល្បឿងបោកបក់មកលើប្រទេសកម្ពុជា ខណៈជ្រលងសម្ពាធទាប នៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ក៏កំពុងបង្កើនខ្លួនជាកូនព្យុះមួយបោកបក់ទៅលើប្រទេសហ្វីលីពីន។
កូនព្យុះដែលបង្កដោយជ្រលងសម្ពាធទាប នៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដែលនឹងបោកបក់លើប្រទេសហ្វីលីពីន នឹងបន្តមកកាន់ឈូងសមុទ្រកុងតឹង ប្រទេសវៀតណាម នាថ្ងៃ ១៦ កញ្ញា ស្អែកនេះ បោកបក់នៅតែតំបន់កណ្តាល និងខាងជើងប្រទេសនេះ ដោយកម្ពុជា ក៏រងឥទ្ធិពលកូនព្យុះនេះដែរ អាចបង្កជាការភ្លៀងនៅតំបន់ជាច្រើនទូទាំងប្រទេស។
ក្នុងនោះ តំបន់បណ្តាខេត្តទំនាបកណ្តាល នឹងមានភ្លៀងធ្លាក់ពីបង្កួរទៅច្រើន ខណៈបណ្តាខេត្តតំបន់ជួរភ្នំដងរែក និងបណ្តាខេត្តខ្ពស់រាបឦសាន មានភ្លៀងធា្លក់ពីមធ្យមទៅបង្កួរ រីឯបណ្តាខេត្តតាមតំបន់ឆ្នេរសមុទ្រ នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនដូចគ្នា។
អាស្រ័យដូចបានលើកឡើងខាងលើ ក្រសួងបានសំណូមពរពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះបាតុភូតធម្មជាតិដែលអាចនឹងកើតមានឡើង ពិសេសទឹកជំនន់ដែលបង្កដោយភ្លៀងធ្លាក់ខ្លាំង និងខ្យល់បោកបក់ រួមទាំងរលកធំៗនៅលើផ្ទៃសមុទ្រជាដើម៕ ដោយ៖ ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)