
TNAOT News
· 2020-09-16
វ៉ាក់សាំងកូវីដរបស់ចិននឹងអាចប្រើបាននៅខែវិច្ឆិកា
#Wu Guizhen# #សុខភាព# #អ្នកវិទ្យាសាស្ត្រ# #ជំងឺ# #វ៉ាក់សាំង#
4510
ចិន ៖ យោងតាមអ្នកវិទ្យាសាស្ត្រកំពូលមកពីមជ្ឈមណ្ឌលចិនសម្រាប់ការត្រួតពិនិត្យនិងបង្ការជម្ងឺ (CDC) បានឱ្យដឹង ថាប្រជាជនចិននឹងទទួលបានវ៉ាក់សាំងការពារជម្ងឺកូវីដ លឿនបំផុតគឺនៅខែវិច្ឆិកាឬក៏ខែធ្នូ។
លោក Wu Guizhen ប្រធានអ្នកជំនាញផ្នែកសុវត្ថិភាពជីវសាស្រ្តរបស់ CDC បាននិយាយនៅក្នុងកម្មវិធីមួយដែលត្រូវបានបង្ហាញនៅយប់ថ្ងៃច័ន្ទ ដោយទូរទស្សន៍ CCTV របស់ចិន ថាការពិសោធន៍គ្លីនិករបស់បេក្ខភាពវ៉ាក់សាំងជាច្រើនបាននឹងកំពុងដំណើរការយ៉ាងរលូន ហើយការត្រៀមលក្ខណៈត្រូវបានធ្វើឡើងដើម្បីផលិតក្នុងទ្រង់ទ្រាយធំ។
យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថាបេក្ខភាពវ៉ាក់សាំងជាង ៣០ កំពុងធ្វើតេស្តសាកល្បងលើទូទាំងពិភពលោក។ ក្នុងចំណោមវ៉ាក់សាំង ៩ក្រុម ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រ មាន៥ក្រុមត្រូវបានផលិតនៅប្រទេសចិន។
ស្តីពីប្រធានបទផលិតកម្មទ្រង់ទ្រាយធំលោក Wu បាននិយាយថា អ្នកជំនាញបាននិងកំពុងវាយតម្លៃសមត្ថភាពនៃគ្រឿងបរិក្ខារផ្សេងៗ ដែលនឹងយកមកចូលរួមក្នុងការផលិត។
ប្រធានាធិបតីចិន លោក ស៊ីជីនពីង បានសន្យានៅឯកិច្ចប្រជុំរបស់អង្គការសុខភាពពិភពលោកកាលពីខែឧសភាថា វ៉ាក់សាំងកូវីដ១៩ណាមួយ ដែលត្រូវបានអភិវឌ្ឍដោយប្រទេសចិនគឺជាផលប្រយោជន៍សាធារណៈ និងអាចរកបានសម្រាប់ប្រជាជាតិទាំងអស់។
ទីក្រុងប៉េកាំងបានផ្តល់ប្រាក់កម្ចីចំនួន ១ពាន់លានដុល្លារអាមេរិក ដល់បណ្តាប្រទេសអាមេរិកឡាទីន និងការ៉ាបៀន ដើម្បីជួយពួកគេចំណាយសម្រាប់ការចាក់វ៉ាក់សាំង ហើយបាននិយាយថា ប្រទេសនៅតាមដងទន្លេមេគង្គរួមមាន ប្រទេសកម្ពុជាយើង ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម និងបណ្តាប្រទេសអាហ្វ្រិកនឹងក្លាយជាប្រទេសដំបូងគេដែលទទួលបានអត្ថប្រយោជន៍ពីការផលិតវ៉ាក់សាំងរបស់ចិន៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)