TNAOT News

· 2020-10-12

អាជ្ញា​ធរ​រាជ​ធានី​ ចាត់​វិធាន​ការ​បូម​ទឹក​ចេញ​ ពី​ស្ថានីយ៍​នី​មួយ​ៗ​ ដើម្បី​រំដោះ​ទឹក​ជំនន់​ក្នុង​ក្រុង​

#សង្គម# #បូម# #រាជធានី# #ព័ត៌មានសង្គម# #ការរំដោះ#

11394

វិធានការបូមទឹកចេញ ពីស្ថានីយ៍នីមួយៗ នៅក្នុងទីក្រុងភ្នំពេញ ត្រូវបានដាក់ចេញនិងអនុវត្តធ្វើទាំងថ្ងៃយប់ ដើម្បី​បញ្ចៀសបញ្ហាទឹកជំនន់​ ដែលកំពុងកើតមាន នៅតំបន់មួយចំនួន នៃទីក្រុងភ្នំពេញ។

កាលពីថ្ងៃទី១១ តុលា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ម៉ាស៊ីនបូមទឹកចល័ត ចំនួន៦គ្រឿងបន្ថែមទៀត ដើម្បីបូមទឹកនៅចំណុច ស្ថានីយបឹងទំពុន ដើម្បីពន្លឿនការរំដោះ​ទឹកដែលបាន​ជន់​លិច។

ជុំវិញរឿងនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំមន្ត្រីជំនាញ ចុះធ្វើអន្ដរាគមន៍ ដើម្បី​បូមទឹករំដោះពីស្ថានីយបឹងទំពុន ស្ថិតនៅលើផ្លូវលេខ៣៧១ ខណ្ឌមានជ័យផងដែរ។

ឃួង ស្រេង បានឱ្យដឹងថា នៅតាមបណ្ដាស្ថានីយបូមទឹក នៃទីតាំងទាំងអស់​ក្នុង​រាជ​ធានីភ្នំពេញ ដែល​កំពុង​ប្រតិបត្តិការ ដើម្បីបូមទឹករំដោះចេញ បង្ហូរចូលទន្លេ រហូតមកដល់ពេលនេះ អាជ្ញាធរនិងមន្ដ្រី​ជំនាញ​ពាក់​ព័ន្ធ​កំពុង​ខិតខំធ្វើយ៉ាងណា ដើម្បីដោះស្រាយបញ្ហាជន់លិចនេះ។

រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹង​បន្ទាន់មួយ​ដល់បងប្អូនប្រជាពលរដ្ឋ ពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននៅលើកំណាត់ផ្លូវលេខ៣៧១ ក្នុង​ខណ្ឌ​​​​មានជ័យ និងតំបន់រង្វង់មូលចោមចៅ និងអូឌឹម ស្ថិតក្នុងខណ្ឌកំបូល តាមបណ្ដោយផ្លូវជាតិលេខ៤ ដោយសារតែសាលារាជធានីភ្នំពេញ ត្រូវបញ្ជូនរថយន្ត ទៅបូម​ទឹកចេញពីស្ថានីយ​ទឹក​បឹងទំពុន ដោយ​សារ​ទឹកឡើងខ្លាំងពេក៕ ដោយ៖ ឃួន លក្ខិណា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស