បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-27

អភិបាលខេត្ដកំពង់ចាម បញ្ចប់មុខតំណែងប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ស្រុកកងមាស ក្រោយយកប្រាក់ពីពលរដ្ឋជាថ្នូរកែសំបុត្រកំណើត

#ឯកឧត្តម អ៊ុន ចាន់ដា# #អភិបាលខេត្ដកំពង់ចាម# #NEW NEWS# #សង្គម# #សំបុត្រកំណើត# #ព័ត៌មានសង្គម#

3415

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម ណែនាំដល់អភិបាលស្រុកកងមាស រៀបចំបែបបទបញ្ចប់មុខតំណែងលោក ហែម គឹមសាធ ពីប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្ដ្រីសាលាស្រុកកងមាស ដោយមិនគិតពីទោសទណ្ឌផ្សេងទៀត។

តាមរយៈលិខិតជម្រាបជូន អភិបាលស្រុកកងមាស ដែលធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថា ការបញ្ចប់មុខតំណែងនេះបន្ទាប់ពីទទួលបានពាក្យបណ្ដឹង តាមបណ្ដាញសង្គមថា លោក ហែម គឹមសាធ បានយកប្រាក់ ៣៦០ដុល្លារ សម្រាប់ការកែតម្រូវសំបុត្រកំណើតប្រជាពលរដ្ឋឈ្មោះ ឆេង សុខលី រស់នៅភូមិអូរពពេល ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ជុំវិញរឿងនេះដែរ រដ្ឋបាលខេត្តក៏បានចាត់ឱ្យក្រុមការងារ ដែលដឹកនាំដោយលោកប្រធានការិយាល័យប្រជាពលរដ្ឋ និងប្រធានអង្គភាព ច្រកចេញចូលតែមួយប្រចាំខេត្តកំពង់ចាមបានចុះសិក្សាស្រាវជ្រាវលើករណីខាងលើ ដោយរកឃើញថាពិតជាមានករណីដូចក្នុងបណ្តាញសង្គមគណនីហ្វេសបុកឈ្មោះ Chheng Sokly ប្រាកដមែន។

យ៉ាងណាមិញ ដើម្បីអនុវត្តវិធានការទៅលើមន្ត្រីដែលអនុវត្តកំហុសឆ្គង និងការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលស្រុកកងមាសឱ្យបានប្រសើរ រដ្ឋបាលខេត្តបានណែនាំដល់លោកអភិបាលស្រុកកងមាសរួមមាន៖១. ត្រូវរៀបចំបែបបទបញ្ចប់មុខតំណែងលោក ហែម គឹមសាធ ពីប្រធានការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្ត្រីសាលាស្រុកកងមាស ដោយមិនគិតពីទោសទណ្ឌផ្សេងៗទៀត។

២. រដ្ឋបាលស្រុកត្រូវតាមដាន ត្រួតពិនិត្យជាប់ជាប្រចាំលើការបំពេញតួនាទី ភារកិច្ចរបស់ លោក ហែម គឹមសាធ ក្នុងករណីប្រព្រឹត្តកំហុសឆ្គងបន្តទៀត ត្រូវមានវិធានការតាម ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។

៣. អភិបាលស្រុកត្រូវខិតខំដឹកនាំរដ្ឋបាលស្រុករបស់ខ្លួនតាមលិខិតបទដ្ឋានគតិយុត្ត និងសេចក្តីណែនាំនានាឱ្យបានត្រឹមត្រូវ។

៤-ត្រូវពង្រឹងកិច្ចការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយឱ្យមានប្រសិទ្ធភាព ស្របតាមគោលការណ៍កំណត់ (ពេលវេលា និងតម្លៃសេវា) និងអាចទទួលយកបានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

៥. ត្រូវរៀបចំកិច្ចប្រជុំ និងណែនាំដល់មន្ត្រីក្រោមឱវាទ ឱ្យពង្រឹងតួនាទី និងភារកិច្ចរបស់ ខ្លួនជារៀងរាល់ខែ។

៦. ក្នុងករណីមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងនៅរដ្ឋបាលស្រុកបន្តទៀត រដ្ឋបាលខេត្តនឹងមានវិធានការតាមនីតិវិធីនៃច្បាប់ និងលិខិតបទដ្ឋានដែលបានកំណត់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

អូនតា លេខកូដ63230368

· 03-28

😆😆

កូដណែនាំ 91815366

· 03-28

👌👌

  • 1
ទៅកាន់

ការណែនាំពិសេស