TNAOT News

· 03-29

សម្តេចធិបតី ចូលរួមរំលែកទុក្ខដល់គ្រួសាររងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា និងថៃ ដែលបានសម្លាប់មនុស្សអស់រាប់រយនាក់

#សម្តេចធិបតី ហ៊ុន ម៉ាណែត# #ប្រទេសថៃ# #NEW NEWS# #គ្រោះធម្មជាតិ# #សង្គម# #ព័ត៌មានសង្គម# #មីយ៉ាន់ម៉ា#

2717

នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន​​​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការសោកស្តាយជាមួយរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងចំពោះប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ កាលពីរសៀលសុក្រ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា «ចាប់តាំងពីឧបទ្ទវហេតុរញ្ជួយដីបានកើតឡើង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: តាមរយ:ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ និងទីប្រឹក្សាពលកររបស់យើង បានចុះផ្ទាល់ដល់កន្លែងកើតហេតុ ដើម្បីក្តាប់នូវព័ត៌មាន និងស្ថានភាពនៅទីនោះ ក៏ដូចជាធ្វើការទំនាក់ទំនងជាមួយប្រជាពលកររបស់យើង ដែលកំពុងធ្វើការនៅទីក្រុងបាងកក ដើម្បីបន្តតាមដានការវិវត្តស្ថានភាព និងផ្តល់ការជួយអន្តរាគមន៍ សំដៅជួយដល់បងប្អូនយើងបានទាន់ពេលវេលា និងតម្រូវការជួយសង្គ្រោះផ្សេងៗ»។

សម្តេចធិបតី ក៏បានបន្តយកចិត្តទុកដាក់ដល់ សុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការងារនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ជាពិសេសនៅទីតំបន់រងគ្រោះដោយការរញ្ជួយដីជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងន័យនេះ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសទាំងពីរ និងទីប្រឹក្សាពលករ បាននិងកំពុងបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើកិច្ចការងារនេះ និងសហការជាមួយសមត្ថកិច្ចនៅហ្នឹងកន្លែង ដើម្បីផ្ដល់នូវកិច្ចការអន្តរាគមន៍ជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទីនោះឱ្យអស់លទ្ធភាពនិងបានទាន់ពេលវេលា។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ា ដែលមានតម្រូវការ ឬត្រូវការផ្តល់ព័ត៌មានផ្សេងៗ សូមទាក់ទងស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសនីមួយៗ។ ហើយសម្តេចធិបតី ក៏បានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា ទទួលបាននូវសេចក្តី សុខនិងរួចផុតពីសេចក្តីគ្រោះថ្នាក់ទាំងឡាយ។

គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍នាព្រឹកថ្ងៃទី២៩ ខែមីនា របស់រដ្ឋាភិបាលមីយ៉ាន់ម៉ា បានឲ្យដឹងថា ហេតុការណ៍គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានសម្លាប់មនុស្សប្រមាណ ១៤៤ នាក់និង ៧៣២នាក់រងរបួស ខណៈនៅប្រទេសថៃ តួលេងអ្នកស្លាប់បានកើនឡើងដល់ ១០នាក់ហើយ ក្នុងនោះ ១៦នាក់រងរបួស និង ១០១នាក់ទៀតនៅកំពុងបាត់ខ្លួនផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស