
TNAOT News
· 04-04
សមាគម TAFTAC លើកទឹកចិត្តឱ្យកម្មករ កុំបារម្ភចំពោះការដំឡើងពន្ធនាំចូលពីកម្ពុជាទៅអាម៉េរិក
#អាម៉េរិក# #សមាគម TAFTAC# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#
3443
សមាគមវាយនភណ្ឌសម្លៀកបំពាក់ លើកទឹកចិត្តឱ្យសមាជិក កម្មករនិយោជិត និងសាធារណជនទាំងអស់រក្សាភាពស្ងប់ស្ងាត់នឹងនរ ក្រោយប្រធានាធិបតីសហរដ្ឋអាម៉េរិក ប្រកាសដំឡើងពន្ធលើផលិតផលនាំចូលពីគ្រប់ប្រទេសទាំងអស់ ដែលរួមមានទាំងកម្ពុជាផងដែរ ខណៈការអនុវត្តនឹងចូលជាធរមានពេញលេញនៅថ្ងៃទី៩ ខែមេសាខាងមុខនេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជាហៅកាត់ថា TAFTAC បានឱ្យដឹងថា វិធានការនេះបង្កឱ្យមានការបារម្ភក្នុងចំណោមសមាជិក និងកម្មករ និយោជិត ក៏ដូចជាសាធារណជនទូទៅអំពីផលប៉ះពាល់លើការនាំចេញនៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា។ សមាគម TAFTAC ក៏បានធ្វើសេចក្ដីថ្លែងការណ៍ចំពោះបញ្ហានេះ ដោយក្នុងនោះរួមមាន៖ ១. សមាគមសូមឱ្យសមាជិក កម្មករ និយោជិត និងសាធារណជនទាំងអស់រក្សាភាពស្ងប់ស្ងាត់នឹងនរ ។ ការប្រកាសរបស់លោកប្រធានាធិបតីអាម៉េរិក ត្រូវបានធ្វើឡើងមិនទាន់បាន២៤ម៉ោងនៅឡើយទេ ហើយយើងកំពុងវិភាគទៅលើផលប៉ះពាល់ ដែលអាចនឹងកើតឡើងពីការប្រកាសភ្លាមៗនេះដែរ ។ សមាគមនឹងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធក្នុងការស្វែងរកដំណោះស្រាយនានាដើម្បីដោះស្រាយបញ្ហានេះឆាប់ៗតាមដែលអាចធ្វើទៅបាន។
២. ក្នុងកម្រិតដែលបានប្រកាសដំឡើង អត្រាពន្ធសរុបសម្រាប់កម្ពុជារួមទាំងប្រទេសដែលជាដៃគូប្រកួតប្រជែងក្នុងវិស័យដូចគ្នាគឺមិនមានភាពខុសគ្នាខ្លាំងដែលនាំឱ្យកម្ពុជាបាត់បង់ឱកាសទាំងស្រុងក្នុងការប្រកួតប្រជែងនោះទេ ជាក់ស្ដែង ប្រទេសចិនទទួលរងការដំឡើងបន្ថែមក្នុងអត្រាសរុប៧៩ភាគរយ (ដំឡើងចំនួន៤លើក) កម្ពុជា ៤៩ភាគរយ, វៀតណាម៤៦ភាគរយ, មីយ៉ាន់ម៉ា៤៥ភាគរយ។ ៣. សមាគមសង្ឃឹមយ៉ាងមុតមាំថា ស្ថានភាពនឹងមានការប្រែប្រួលបន្ទាប់ពីរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរជួបពិភាក្សានិងចរចាគ្នា ។ ៤. សមាគម និងរាជរដ្ឋាភិបាល ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធ បាននិងកំពុងបន្តសហការគ្នាលើការកែលម្អបរិយាកាស វិនិយោគនិងធុរកិច្ច សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាឱ្យបានកាន់តែខ្ពស់បន្ថែមទៀត ។ ៥. សមាគមនឹងបន្តជាមួយរាជរដ្ឋាភិបាលដើម្បីបន្តកាត់បន្ថយការចំណាយក្នុងការធ្វើអាជីវកម្ម ដូចជាថ្លៃភស្តុភារនិងថ្លៃអគ្គិសនី ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)