បង្ហោះផ្សាយ

ខ្មែរ

polea

· 2019-06-11

វិភាគ​៖ សម្លឹង​មើល​វិស័យ​អចលនទ្រព្យ​រយៈពេល៥ឆ្នាំខាងមុខ​នឹង​វិវត្តន៍​យ៉ាងដូច​ម្តេច​?

#សង្គម# #អចលនទ្រព្យ# #ទុនវិនិយោគ#

0

ភ្នំពេញៈ មួយទសវត្សរ៍កន្លងមក កម្ពុជាបានជួបជាមួយកាលានុវត្តន៍ភាពមាសជាមួយនឹងលំហូរទុនវិនិយោគផ្ទាល់ពីបរទេស(FDI) និងកំនើននៃការវិនិយោគរបស់អ្នកវិនិយោគក្នុងស្រុក ដែលបានធ្វើឲ្យវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាកើនឡើងនិងបានផ្លាស់ប្តូរមុខមាត់ប្រទេសនេះ។

បើមិនមានភាពប្រែប្រួលនោះទេ កម្ពុជានឹងប្រែក្លាយពីប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ជាសញ្ញាវិជ្ជមានមួយ ដែលបង្ហាញឲ្យឃើញអំណាចនៃការទិញរបស់ប្រជាពលរដ្ឋក្នុងស្រុកកើនឡើង ដែលនេះជាដែកឆក់មួយសំរាប់ឲ្យអ្នកវិនិយោគនានា បញ្ចេញសាច់ប្រាក់របស់ខ្លួន ដើម្បីវិនិយោគក្នុងវិស័យដែលកំពុងមានប្រាក់ចំណេញខ្ពស់ជាងគេនេះ។

ការប្រែក្លាយពីទីក្រុងខ្មោច ទៅជាទីក្រុងដែលលេចមុខមាត់់ដ៏លឿនមួយលើឆាកអន្តរជាតិ តាមរយៈវត្តមានអាគារខ្ពស់ៗកប់ពពកស្អេកស្កះ ដូចគ្នាទៅនឹងបណ្តាប្រទេសដែលជឿនលឿនកម្ពុជាត្រូវបានគេស្គាល់កាន់តែច្បាស់ ក្នុងទិដ្ឋភាពវិជ្ជមានមួយ។

រយៈពេល១០ឆ្នាំបានកន្លងហួស ការភ្ញាក់ផ្អើលបានកើតមានឡើងសំរាប់ជនបរទេស និងអ្នកមិនធ្លាប់បានមកកាន់កម្ពុជាពីមុនមក។

សំណួរនៅទីនេះគឺថា តើរយៈពេល៥ទៅ១០ឆ្នាំខាងមុខ ប្រទេសកំសត់កាលពីអតីកាលមួយនេះនឹងបន្តរក្សាបាននូវឧត្តមភាពរបស់ខ្លួន? បន្តនៅតែទាក់ទាញការវិនិយោគបន្ថែមពីបរទេសបន្តទៀតឬយ៉ាងណា? ខណៈកំនើនសេដ្ឋកិខច្ចរបស់ប្រទេសនេះរំពឹងថានឹងបន្តរក្សាកំនើនក្នុងរង្វង់ប្រមាណជាង៧ភាគរយជារៀងរាល់ឆ្នាំ រយៈពេលមធ្យមនិងរយៈពេលវែងបន្តទៀត។

គិតត្រឹមរយៈពេល៥ឆ្នាំចុងក្រោយនេះ នៅក្នុងវិស័យសំណង់ទាំងមូលបានបង្កើនទុនវិនិយោគរហូតដល់ប្រមាណ២៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលរូបភាពទាំងអស់នេះគឺជាសញ្ញាវិជ្ជមានមួយឆ្លុះបញ្ចាំងពីការអភិវឌ្ឍរបស់កម្ពុជា។

អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិប្រចាំនៅកម្ពុជា លោកស្រី Grace Rachny Fong បានមានប្រសាសន៍បង្ហាញពីក្ដីសាទរទៅនឹងលទ្ធផល និងផ្លែផ្កាដែលកម្ពុជាទទួលបាននាពេលបច្ចុប្បន្ននេះថា “បើនិយាយពីភាពរីកចម្រើន និងការអភិវឌ្ឍ កម្ពុជា គឺជាប្រទេសមួយ ដែលមានភាពលេចធ្លោជាងបណ្តាប្រទេសនានា ដែលស្ថិតនៅក្នុងតំបន់”។

លោកស្រីបានបន្តទៀតថា ជាក់ស្ដែងនៅត្រឹមរយៈពេលដ៏ខ្លី កម្ពុជាបានប្រែក្លាយពីប្រទេស ដែលមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ២១០៥ ជាមួយនឹងគោលដៅនឹងប្រែក្លាយទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០”។

លោកស្រី Grace Rachny Fong បានបន្តទៀតថា ជាមួយនឹងកំណើនសេដ្ឋកិច្ច មួយភាគធំបានចំណូលពីវិស័យសំណង់ និងអចលនទ្រព្យ ដែលជាប្រភពចំណូលមួយយ៉ាងសំខាន់។ បច្ចុប្បន្ននេះវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាកំពុងតែមានភាពទាក់ទាញពីបណ្តាអ្នកវិនិយោគអន្តរជាតិជាច្រើន ដែលក្នុងនោះសូម្បីតែក្រុមហ៊ុនលំដាប់ពិភពលោកក៏បានចូលខ្លួនមកកាន់កម្ពុជាដែរ ជាក់ស្ដែងដូចជាក្រុមហ៊ុនអចលនទ្រព្យ Century 21 ជាដើម ហើយក៏មានក្រុមហ៊ុនធំជាច្រើនទៀត ដែលកំពុងមានវត្តមាននៅកម្ពុជា។

នៅក្នុងឆ្នាំ២០១៨ ទុនវិនិយោគក្នុងវិស័យសំណង់ មានទំហំទឹកប្រាក់ប្រមាណ៦៤០០លានដុល្លារអាមេរិក និងបានផ្តល់ការងារប្រចាំថ្ងៃជូនប្រជាពលរដ្ឋប្រមាណ២០ម៉ឺននាក់ ដែលក្នុងនោះរួមមាន ទីក្រុងរណប បុរីលំនៅឋាន និងលំនៅឋានមានលក្ខណៈជាបុរីចំនួន២៣០ទីតាំង។ សំណង់អគារខ្ពស់ចាប់ពី៥ ជាន់ឡើងទៅមានចំនួន១១០០អគារ។ ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រកបរបរអាជីវកកម្មសិក្សាគម្រោងប្លង់ មានចំនួន១០៤៣ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនសាងសង់ចំនួន១០០៣ ក្រុមហ៊ុន និងក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ចំនួន៤០ក្រុមហ៊ុន។

អ្នកជំនាញក្នុងវិស័យនេះសុទ្ឋតែបង្ហាញសញ្ញាសុទិដ្ឋិនិយមដូចគ្នា ជាមួយនឹងកាលានុវត្តន៍ភាពក្នុងវិស័យនេះ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ថា “វិស័យនេះនៅមានឱកាសរីកចម្រើនរយៈពេលវែងបន្តទៀត”។ លោកបានបន្តទៀតថា “ក្រុមហ៊ុនភ្នាក់ងារក្នុងវិស័យនេះ នឹងមានឱកាសរីកចម្រើន និងទទួលបានផលប្រយោជន៍កាន់តែច្រើនបន្តទៀត ដោយសារការរីកចម្រើនក្នុងវិស័យនេះ ប៉ុន្តែទាមទារឱ្យពួកគេធ្វើការរួមគ្នា និងពង្រឹងសមត្ថភាពបន្ថែម ដើម្បីមានឱកាសកាន់តែច្រើនទទួលបានផលប្រយោជន៍ច្រើនពីវិស័យមួយនេះ”។

លោកបានបន្តទៀតថា ដើម្បីទទួលបានឱកាសរីកចម្រើន យើងត្រូវរួបរួមគ្នា និងពង្រឹងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យនេះ ជាពិសេសនៅពេលមានវត្តមានក្រុមហ៊ុនអន្តរជាតិចូលមកប្រកួតប្រជែងនៅលើទីផ្សាររួម។

ការសម្រេចបាននូវទស្សនទានវិជ្ជមាននេះ មិនអាចសម្រេចបានឡើយប្រសិនជាកម្ពុជា មិនបានរៀបចំខ្លួនបានល្អ និងផ្តល់ផលចំណេញដល់អ្នកវិនិយោគជាតិ និងអន្តរជាតិ។

អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកយិន លាងគង់បានថ្លែងថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យវិស័យសំណង់់ និងអចលនទ្រព្យនៅប្រទេសនេះមានភាពរីកចម្រើន និងលេចធ្លោជាងគេ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដោយសារកំនើននៃការវិនិយោគ ការទទួលបានផលចំណេញខ្ពស់ជាងគេពីការវិនិយោគ ធៀបជាមួយប្រទេសនានានៅជិតខាងកម្ពុជា។

លោកបន្តថា “ប្រសិនជាគ្មានការដាក់ចេញនូវគោលនយបាយ លិខិតបទដ្ឋានគតិយុត្តិច្បាប់ត្រឹមត្រូវ និងឆ្លើយតបទាន់ពេលវេលា នៅក្នុងបរិបទតំបន់ និងពិភពលោកទេ កម្ពុជាមិនអាចមានភាពរីកចម្រើន និងទាក់ទាញការវិនិយោគច្រើនបែបនេះទេ”។លោកបន្តថា “ទោះបីកម្ពុជាមានទំនាក់ទំនងជិតស្និទ្ឋជាមួយប្រទេសចិន និងប្រទេសដទៃទៀតយ៉ាងណាក្តី ក៏អ្នកវិនិយោគរបស់ពួកគេ មិនមកកម្ពុជានោះទេ បើពួកគេមិនអាចរកផលចំណេញបាន”។

ជាក់ស្តែងក្រុមហ៊ុន AEON Mall Group មុនសម្រេចចិត្តបោះទុនវិនិយោគរាប់លានដុល្លារវិនិយោគនៅកម្ពុជា ពួកគេបានមកសិក្សាពីកម្ពុជារយៈពេលជិត១ទសវត្សរ៍ មុនសំរេចចិត្តបោះទុនវិនិយោគសាងសង់ផ្សារទី១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន និងផ្សារទំនើប AEON MALL2 ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី។ ជាតំបន់់ដែលមានភាពពេញនិយម និងបណ្តុំដោយមជ្ឈមណ្ឌលពាណិជ្ជកម្មព័ទ្ឋជុំវិញ។

លោកអ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអ៊ិលស៊ីបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការឈានឡើងពីប្រទេសមានប្រាក់ចំណូលទាប មកកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ជាសញ្ញាល្អមួយទៀតសំរាប់កម្ពុជា ដែលកម្ពុជានឹងទាក់ទាញការវិនិយោគកាន់តែច្រើនថែមទៀត ព្រោះមុនសម្រេចចិត្តទៅវិនិយោគនៅប្រទេសណាមួយ ពួកគេតែងតែសិក្សាពីអំណាចនៃការទិញរបស់ប្រជាជនប្រទេសនោះ។

លោកបន្តថា “អ្នកវិនិយោគតែងតែស្វែងរកប្រាក់ចំណេញ ពួកគេមិនទៅកាន់ប្រទេសប្រទេសក្រីក្រ ដែលអំណាចនៃការទិញមិនមាននោះទេ ពួកគេមិនទៅកាន់ប្រទេសដែលមិនអាចស្វែងរកប្រាក់ចំណេញបាននោះទេ”។

កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ កំនើនសេដ្ឋកិច្ចក្នុងរង្វង់៧,៧ភាគរយក្នុង រយៈពេល២ទសវត្សរ៍ ច្បាប់វិនិយោគដ៏ទាក់ទាញ ដែលអនុញ្ញាត្តឲ្យជនបរទេសអាចបើកក្រុមហ៊ុនដែលអាចបោះទុន១០០ភាគរយបានដោយខ្លួនឯង ច្បាប់សហកម្មសិទ្ឋដែលអនុញ្ញាត្តឲ្យជនបរទេសអាចទិញលំនៅដ្ឋានពីជាន់ទី១ឡើង និងច្បាប់ពន្ឋមិនមានភាពស្មុគ្រស្មាញ និងការលើកទឹកចិត្តជាច្រើនទៀតពីរដ្ឋាភិបាល សុទ្ឋតែជាកំលាំងចលករស្នូលក្នុងការជំរុញល្បឿនអភិវឌ្ឍន៍របស់ប្រទេសនេះ។

ជាមួយគ្នានេះ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលី ហួរដែលជាអ្នកអភិវឌ្ឍន៍វិស័យលំនៅដ្ឋានដ៏ធំមួយនៅកម្ពុជាផងដែរនោះ បានមានប្រសាសន៍ថា “ប្រសិនកម្ពុជានៅតែរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចល្អបែបនេះ ខ្ញុំគិតថាវិស័យសំណង់ និងអចលនទ្រព្យនឹងបន្តរីកចម្រើនរយៈពេលវែងបន្ថែមទៀត”៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស