TNAOT News
· 2020-04-02
បេសកកម្មនៅកម្ពុជា គ្រូពេទ្យជំនាញចិន សម្រេចបានអ្វីជាដុំកំភួនខ្លះ?
#COVID-19# #វេជ្ជសាស្ត្រ# #ចូលឆ្នាំខ្មែរ# #គ្រូពេទ្យចិន# #វិធីទប់ស្កាត់# #សុខភាព# #ជំងឺ#
10495
ភ្នំពេញ៖ គិតមកត្រឹមដើមខែមេសានេះ អាចនិយាយបានថា មានរយៈពេលជាង ១០ថ្ងៃហើយ ចាប់តាំងពីក្រុមគ្រូពេទ្យជំនាញព្យាបាល និងទប់ស្កាត់វីរុសកូវីដ ១៩ របស់រដ្ឋាភិបាលចិន បានមកដល់ទឹកដីកម្ពុជា។
វត្តមានក្រុមគ្រូពេទ្យជំនាញទាំង ៧នាក់ កាលពីថ្ងៃ ២៣ មីនា កន្លងទៅ បានជំរុញចិត្តពលរដ្ឋកម្ពុជាភាគច្រើន កាន់តែមានក្តីសង្ឃឹមខ្ពស់ កម្ពុជា នឹងចៀសផុតពីស្ថានភាពធ្ងន់ធ្ងរនៃការរាតត្បាតវីរុសកូវីដ ១៩ ក្នុងប្រទេសរបស់ខ្លួន ស្របពេលពិភពលោកទាំងមូល រាប់បញ្ចូលទាំងប្រទេសជិតខាងកម្ពុជា ក៏ដូចជាបណ្តាប្រជាជាតិសមាជិកអាស៊ានមួយចំនួន កំពុងក្រពុលមុខខ្លាំងជាមួយស្ថានការណ៍រាតត្បាតក្នុងប្រទេស។
យ៉ាងណា ទាក់ទងនឹងបេសកកម្មរបស់ក្រុមគ្រូពេទ្យចិននៅកម្ពុជា មកទល់នឹងពេលនេះ ពលរដ្ឋភាគច្រើន នៅមិនទាន់ទទួលបានព័ត៌មានគ្រប់គ្រាន់ អាចធ្វើឲ្យពួកគាត់មានសុទិដ្ឋិនិយមលើជំនឿចិត្តកន្លងមកនោះឡើយ ជាមួយមន្ទិលសង្ស័យ ថាតើបេសកកម្មរបស់ក្រុមគ្រូពេទ្យចិន ទទួលបានអ្វីជាដុំកំភួនខ្លះ។
ឆ្លើយតបមន្ទិលសង្ស័យរបស់ពលរដ្ឋកម្ពុជា ក្រុមគ្រូពេទ្យជំនាញចិនទាំង ៧នាក់ បានធ្វើការបកស្រាយពាក់ព័ន្ធលទ្ធផលមួយចំនួននៃបេសកកម្មរបស់ខ្លួន ដោយក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មានកាលពីពេលថ្មីៗ លោក អាយ សៀង ប្រធានក្រុមគ្រូពេទ្យជំនាញចិន បានបញ្ជាក់ថា មកទល់ពេលនេះ ក្រុមគាត់បានសម្រេចការងារធំៗមួយចំនួន ជាមួយមន្ត្រីសុខាភិបាលកម្ពុជា ដើម្បីរៀបចំផែនការទប់ស្កាត់ ករណីរីករាតត្បាតវីរុសកូវីដ ១៩ នៅកម្ពុជា ក្នុងនោះការងារស្នូលធំៗ ដែលក្រុមគ្រូពេទ្យចិនសម្រេចបាននាពេលកន្លងមកដូចជា៖
១- ធ្វើការផ្សព្វផ្សាយអំពីជំងឺកូវីដ១៩ ឲ្យប្រជាពលរដ្ឋដឹងថា ជំងឺកូវីដ១៩ មិនគួរឲ្យខ្លាចដូចអ្វីយើងកំពុងគិតនោះទេ ព្រោះឲ្យតែយើងការពារតាមបែបវេជ្ជសាស្ត្រត្រឹមត្រូវ គឺអាចបង្ការការឆ្លងវីរុសនេះបាន។ ប៉ុន្តែក្រុមគ្រូពេទ្យចិន នៅតែព្រមានពលរដ្ឋកម្ពុជាទាំងអស់ មិនឲ្យមើលស្រាលស្ថានការណ៍នេះឡើយ ព្រោះការមើលស្រាលស្ថានការណ៍ ជាចំណុចខ្សោយនាំឲ្យយើងប្រឈមការរាតត្បាតកាន់តែធ្ងន់ធ្ងរ។
២- វិធានការគ្រប់គ្រង និងរឹតបន្តឹងលើអ្នកដំណើរចេញចូលប្រទេសកម្ពុជា ជាពិសេសតាមអាកាសយានដ្ឋាន ព្រំដែនគោក និង កំពង់ផែ ក៏ជាផ្នែកមួយដែលក្រុមគ្រូពេទ្យចិន បានលើកឡើងទៅកាន់ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋាភិបាលកម្ពុជា ដោយសារមើលឃើញថា ស្ថានភាពឆ្លងករណីកូវីដ ១៩ នៅកម្ពុជាភាគច្រើន ជាករណីនាំចូលពីបរទេស។
៣- ដើម្បីបង្ការកុំឲ្យមានករណីឆ្លងនៅកម្ពុជា ក្រុមគ្រូពេទ្យចិន ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនកំពុងមាននាពេលបច្ចុប្បន្ន ទៅកាន់រដ្ឋាភិបាលកម្ពុជា ដើម្បីប្រុងជើងការជាមុន ទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍ ដែលជារឿងសំខាន់បំផុតត្រូវធ្វើ ពិសេសអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ចូលមកដល់តែម្តង។ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជាឱកាសមួយនាំឲ្យមានលំហូរប្រជាពលរដ្ឋ កាន់តែកើនឡើងខ្លាំង បង្កជាលំហូរនៃការឆ្លងវីរុសក្នុងសហគមន៍រស់នៅរបស់ពលរដ្ឋខ្មែរ ក៏កាន់តែខ្ពស់ ទាមទារការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្លាំង។
៤- ក្រៅពីលើកឡើងយុទ្ធសាស្ត្រសំខាន់ៗ និងផែនការទប់ស្កាត់ចម្បងហើយនោះ ក្រុមគ្រួពេទ្យចិន ក៏បានចូលរួមបង្កើនសមត្ថភាព និងល្បឿនធ្វើតេស្តស្វែងវីរុសកូវីដ១៩ ជាមួយក្រុមគ្រូពេទ្យកម្ពុជា ដើម្បីជួយឲ្យវិទ្យាស្ថានសុខភាពសាធារណៈ មានលទ្ធភាពរៀបចំកន្លែងធ្វើតេស្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ដូចគ្នាទៅនឹងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែរ។
៥- ក្រៅពីកិច្ចការស្នូលទាំង ៤ កិច្ចការសំខាន់មួយទៀតដែលក្រុមគ្រូពេទ្យចិន និងមន្ត្រីសុខាភិបាលកម្ពុជាសម្រេចបាន គឺការលើកកម្ពស់សមត្ថភាពព្យាបាលជំងឺកូវីដ ១៩ សម្រាប់គ្រូពេទ្យកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។
ក្នុងកិច្ចសម្ភាសន៍នេះដូចគ្នា ក្រុមគ្រូពេទ្យចិន បានបង្ហើបបញ្ហាមួយចំនួនដែលកម្ពុជា គួរបន្តប្រុងប្រយ័ត្នបន្ថែមទៀត ដោយក្នុងនោះ ការបិទក្រុង ខេត្ត ឬប្រទេស ត្រូវអនុវត្តតាមស្ថានភាពជាក់ស្តែងកម្ពុជាផ្ទាល់ មិនអាចធ្វើតាមប្រទេសចិនទាំងស្រុងនោះទេ។
លើសពីនេះទៅទៀត លោក អាយ សៀង ប្រធានក្រុមគ្រូពេទ្យជំនាញចិន បញ្ជាក់ទៀតថា មកទល់នឹងពេលនេះ គ្មានភស្តុតាងបែបវិទ្យាសាស្ត្រ ឬវេជ្ជសាស្ត្រណាមួយ បញ្ជាក់បានថា អាកាសធាតុក្តៅ អាចទប់ស្កាត់ការឆ្លងកូវីដ១៩ ដូចអ្វីដែលពលរដ្ឋកម្ពុជាភាគច្រើនយល់ឃើញនោះដែរ ព្រោះស្ថានភាពរាតត្បាតក្នុងបណ្តាប្រទេសជុំវិញកម្ពុជាពេលនេះ ក៏មានអាកាសធាតុប្រហាក់ប្រហែលនឹងកម្ពុជាដូចគ្នា។
មួយទៀត ពលរដ្ឋទាំងអស់ សូមកុំគិតថា កម្ពុជាមានអ្វីពិសេស អាចការពារការឆ្លងកូវីដ ១៩ បាន ហើយមានការធ្វេសប្រហែស ឬមើលស្រាលជំងឺកូវីដ ១៩ ឲ្យសោះព្រោះវាជាចំណុចខ្សោយដែលនាំឲ្យប្រទេសមួយចំនួនលើពិភពលោក ភាគច្រើនបានរងការឈឺចាប់ដោយសារគំនិតនេះ។
ក្រៅពីចូលរួមកិច្ចការងារជាច្រើនជាមួយកម្ពុជា ក្រុមគ្រូពេទ្យចិន ក្នុងបេសកកម្មកន្លងមក ក៏បានទំនាក់ទំនងផ្ទាល់ជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺឆ្លង ខេត្តក្វាងស៊ី នៅប្រទេសចិន រៀបរាប់ពីស្ថានភាពនៅកម្ពុជា នាំឲ្យគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺឆ្លង ខេត្តក្វាងស៊ី សន្យានឹងផ្តល់គ្រប់បរិក្ខាបច្ចេកទេស ដើម្បីគាំទ្រកម្ពុជាអាចទប់ស្កាត់វីរុសកូវីដ ១៩ ប្រកបដោយជោគជ័យ។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ រដ្ឋាភិបាលចិន បានផ្តល់ជំនួយវេជ្ជសាស្ត្រមកកម្ពុជា ជាបន្តបន្ទាប់ ដូចទៅនឹងអ្វីដែលខ្លួនបានសន្យា ជាក់ស្តែងកាលពីព្រឹកថ្ងៃពុធ ទី ១ មេសា ជំនួយបរិក្ខាវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិន ប្រមាណជាង ២តោន បានមកដល់កម្ពុជាប្រកបដោយជោគជ័យ៕ ដោយ៖ ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សកម្មភាពចុះបាញ់ថ្នាំសម្លាប់មូស របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តចូលរួមទប់ស្កាត់ជំងឺគ្រុនឈាម នៅឆ្នាំ២០២៥
វិធីត្រឹមត្រូវបំផុតដើម្បីបញ្ឈប់ការហូរឈាមច្រមុះ
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចោទអាមេរិកថា បានផ្តល់ភ្លើងខៀវឲ្យអ៊ីស្រាអែលវាយប្រហារស្ថានកុងស៊ុល នៅស៊ីរី
មកស្គាល់ពីប្រទេសទាំងនេះ ដែលមិនមាន រដ្ឋធម្មនុញ្ញផ្លូវការ
យោបល់ទាំងអស់ (0)