
TNAOT News
· 2020-04-21
រដ្ឋាភិបាលអាល្លឺម៉ង់ពុះកញ្ជ្រោលចង់ជំនួសយន្តហោះ បំពាក់អាវុធនុយក្លេអ៊ែរ
#Eurofighters# #សង្គម# #Tornado# #F-18s# #នយោបាយជាតិ#
3960
កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ ជាយូរមកហើយស្វះស្វែងរកការប្តូរផ្លាស់ឲ្យបានសមរម្យចំពោះយន្តហោះ ប្រភេទ Tornado ដែលមានអាយុកាលកាន់តែចាស់ ដាក់ប្រើប្រាស់តាំងពីឆ្នាំ១៩៨៣ រហូតមកនោះ ។
រដ្ឋាភិបាលអាល្លឺម៉ង់បានបញ្ជាក់ថា យន្តហោះចម្បាំង Tornado បំពាក់គ្រាប់បែកនុយក្លេអ៊ែរ ដែលមានអាយុចាស់ អាចនឹងជំនួសដោយយន្តហោះចម្បាំង Eurofighters និងយន្តហោះ F-18 ពីក្រុមហ៊ុនប៊ូអ៊ីង មូលដ្ឋាននៅអាមេរិក ។ គម្រោងផែនការមួយនេះបាននាំឲ្យខឹងសម្បារខ្លាំងពីគណបក្សសង្គមប្រជាធិបតេយ្យ (SPD)។ នេះបើតាមការផ្សាយរបស់ប្រភព AFP។
អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ Arne Collatz-Johannsen បានប្រាប់អ្នកកាសែតនៅទីក្រុងប៊ែកឡាំង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ថា ការសម្រេចផ្លូវការមួយនឹងបញ្ជូនទៅកាន់គណៈកម្មការការពាររបស់សភា Bundestag «នៅថ្ងៃឆាប់ៗខាងមុខ» ។
អ្នកនាំពាក្យបានបញ្ជាក់ថា យើងបានផ្តល់អនុសាសន៍ចម្រុះមួយក្នុងដំណោះស្រាយ ដែលអាចរក្សាឧស្សាហកម្មការពារជាតិអឺរ៉ុបឲ្យនៅតែមានសមត្ថភាព ហើយអ្វីបន្ថែមទៀតនោះ ទាក់ទងតិចជាង៣ភាគ នៃចំនួនសរុប អាចជាអ្នកផ្គត់ផ្គង់មិនមែនជាក្រុមហ៊ុននៅអឺរ៉ុប ។
ប្រភពបន្តថា រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ Annegret Kramp-Karrenbauer បានថ្លែងប្រាប់សមភាគីសហរដ្ឋអាមេរិក Mark Esper អំពីគម្រោងការនេះកាលពីចុងសប្តាហ៍កន្លង ។
ប្រភពមិនបញ្ចេញឈ្មោះ ត្រូវបានភ្នាក់ងារកាសែត AFP ដកស្រង់ចុះផ្សាយ ដោយអះអាងថា មុនដំបូង រដ្ឋាភិបាលមានផែនការទិញយន្តហោះចម្បាំង Eurofighters ផលិតដោយក្រុមហ៊ុនអ៊ែរបឺសចំនួន៩០គ្រឿង និងទិញយន្តហោះ F-18 ផលិតដោយក្រុមហ៊ុនប៊ូអ៊ីងចំនួន ៤៥គ្រឿង ហើយយន្តហោះ F-18s ចំនួន៣០គ្រឿងអាចនឹងបំពាក់ និងដឹកអាវុធនុយក្លេអ៊ែរអាមេរិក ។
ការសម្រេចចិត្តរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ ដំណាលពេលគ្នានោះ បាននាំឲ្យមានការរិះគន់ពីសមាជិកគណបក្ស SPD ដែលជាដៃគូសម្ពន្ធភាពនយោបាយវ័យក្មេងជាមួយរដ្ឋាភិបាលលោកស្រី អេនហ្គេឡា ម៉ាកែល ។
ប្រធានគណៈកម្មការការពារជាតិរបស់សភាអាល្លឺម៉ង់លោក Wolfgang Hellmich បានថ្លែងក្នុងសន្និសីទកាសែតថា «មិនមានអ្វីត្រូវបានធ្វើឡើងដោយតម្លាភាពជាមួយពួកយើងសោះ ទោះតាមវិធីណាក៏ដោយ ហើយមកទល់ពេលនេះ យើងមិនទាន់ទទួលបានរបាយការណ៍អ្វីទាំងអស់»។
សមាជិកសភាគណបក្ស SPD នៅតែជំទាស់គម្រោងការរបស់ក្រសួងការពារជាតិ ទិញយន្តហោះចម្បាំងអាមេរិក ហើយដែលអាចបំពាក់គ្រាប់បែកនុយក្លេអ៊ែរ ។ ជាការឆ្លើយតបទៅវិញ ក្រសួងការពារជាតិអាល្លឺម៉ង់បានអះអាងថា រដ្ឋមន្ត្រីហិរញ្ញវត្ថុ Olaf Scholz នៃគណបក្ស SPD និងរដ្ឋមន្ត្រីក្រសួងការបរទេស Heiko Maas ត្រូវបានជូនដំណឹងរួចហើយអំពីរឿងទិញអាវុធនេះ ។
ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន កាលខែកញ្ញាឆ្នាំ ២០១៩ លោក Kramp-Karrenbauer បានថ្លែងថា យន្ដហោះដែលត្រូវជ្រើសរើសដើម្បីជំនួសយន្តហោះ Tornado នោះ គួរតែអាចដោះស្រាយដោយរលូននូវតួនាទីពីររបស់យន្ដហោះអាយុចាស់ ។ នេះបញ្ជាក់ពីយន្ដហោះចម្បាំងដែលបម្រើការជាអ្នកបំផ្ទុះគ្រាប់បែកក្នុងសង្គ្រាមធម្មតា និងរក្សាសមត្ថភាពផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ B61 របស់អាមេរិក។
ដូចគ្នានេះផងដែរ កាលពីឆ្នាំមុន ទីក្រុងប៊ែកឡាំងបានបោះបង់ចោលផែនការរបស់ខ្លួនក្នុងការទិញ យន្តហោះចម្បាំងបំបាំងកាយ F-35 របស់ក្រុមហ៊ុន Lockheed Martin ដែលមានសមត្ថភាព ប្រតិបត្តិការទាំងការវាយប្រហារលើដី និងបេសកកម្មនៅលើអាកាស ក្នុងគោលបំណងដើម្បីជំនួសយន្តហោះ Tornados ដែលបានដាក់ឲ្យប្រើប្រាស់ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៨០មកនោះ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ពិធីប្រគល់ពានរង្វាន់ Goblet Awards នៃមហោស្រពភាពយន្តអន្តរជាតិក្រុងសៀងហៃលើកទី ២៦ បានប្រារព្ធធ្វើ

បំភ្លេចអតីតកាល

មន្ទីរពេទ្យទីមួយនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Harbin បានបញ្ចប់ដោយជោគជ័យនូវបេសកកម្មជំនួយផ្នែកវេជ្ជសាស្រ្តសម្រាប់ការជិះស្គីល្បឿនលឿនក្នុងព្រឹត្តិការណ៍កីឡាអាស៊ីរដូងរងា

អភិបាលខេត្តកំពត ស្នើសេវាករឲ្យរួមគ្នាអនុវត្តន៍គោលការណ៍ ៣ចំណុចសំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

យោបល់ទាំងអស់ (0)