បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-09-12

ក្រៅពីសម្លាប់ជាង ៩សែននាក់ កូវីដ-១៩ បានកែប្រែទម្លាប់រស់នៅរបស់មនុស្សស្ទើរទាំងស្រុង

#ពិភពលោក# #ជំងឺកូវីដ ១៩# #ជំងឺរាតត្បាត# #សុខភាព# #ជំងឺ# #វ៉ាក់សាំង#

10053

គិតត្រឹមចុងសប្តាហ៍ទី២ ខែកញ្ញា ឆ្នាំ២០២០ ពិភពលោក បានទទួលនូវបទពិសោធជូរចត់មិនធ្លាប់មាន ពោលចាប់តាំងពីសត្រូវកំណាចរបស់យើង គឺជំងឺកូវីដ ១៩ លេចរូបរាងឡើងលើផែនដីនេះ។

ជាង ៩ខែ ទម្លាប់រស់នៅរបស់មនុស្សជុំវិញពិភពលោក ត្រូវបានកែប្រែស្ទើរទាំងស្រុង ទាំងការប្រកបរបរទទួលទាន ការធ្វើទំនាក់ទំនង និងចំណុចសំខាន់ជាច្រើនទៀត សុទ្ធតែបានប្រែប្រួលដោយសារវិបត្តិរាតត្បាតកូវីដ ១៩។

ចាប់តាំងពីអង្គការសហប្រជាជាតិ ប្រកាសកូវីដ ១៩ ជាវីរុសរាតត្បាតសកល មកទល់នឹងពេលនេះ ប្រទេស និងតំបន់សរុប ២១៣ ជុំវិញពិភពលោក សុទ្ធមានការឆ្លងរាតត្បាត ដោយមនុស្សជាង ២៨លាននាក់ រកឃើញផ្ទុកមេរោគនេះ និងជាង ៩សែននាក់ បានស្លាប់ជាបន្តបន្ទាប់ចាប់តាំងពីខែមករាមក។

ក្នុងចំណោមប្រទេស និងតំបន់ទាំង ២១៣ សហរដ្ឋអាមេរិក គឺរងគ្រោះធ្ងន់ធ្ងរបំផុត ដោយមានតួលេខឆ្លងសរុប ៦ ៦៣៦ ២៤៧នាក់ ស្លាប់ ១៩៧ ៤២១នាក់ ស្របពេលដែលឥណ្ឌា ទើបឆ្លងរាតត្បាតធ្ងន់ធ្ងរក្រោយគេនោះ ហក់មកឈរនៅលេខរៀងទី២ ជាមួយតួលេខឆ្លងសរុប ៤ ៦៥៧ ៣៧៩នាក់ ក្នុងនោះស្លាប់ ៧៧ ៥០៦នាក់ ខណៈទី៣ គឺជាប្រទេសប្រេស៊ីល ដែលរកឃើញឆ្លងសរុប ៤ ២៨៣ ៩៧៨នាក់ ស្លាប់ ១៣០ ៤៧៤នាក់។

តំបន់អាស៊ានឯណេះវិញ ប្រទេសរងគ្រោះធ្ងន់ធ្ងរបំផុត មានហ្វីលីពីន និងឥណ្ឌូនេស៊ី ដោយហ្វីលីពីនឈរនៅកំពូល មានករណីឆ្លង ២៥២ ៩៦៤នាក់ ស្លាប់ ៤ ១០៨នាក់ ខណៈឥណ្ឌូនេស៊ី ឆ្លងសរុប ២១០ ៩៤០នាក់ ស្លាប់ ៨ ៥៤៤នាក់។ សង្ហបុរី ទោះមានករណីឆ្លងច្រើន ប៉ុន្តែតួលេខស្លាប់ គឺស្ថិតនៅទាបបំផុត ខណៈម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ វៀតណាម សុទ្ធស្ថិតក្នុងកម្រិតឆ្លងមធ្យមក្នុងតំបន់ ហើយប្រទេសតែមានការឆ្លងកម្រិតទាបបំផុត មាន ឡាវ ទីម័រខាងកើត ប្រ៊ុយណេ និងកម្ពុជា។

យោងតាមការបញ្ជាក់ពីអង្គការសុខភាពពិភពលោក WHO អ្វីដែលអាចប្រយុទ្ធប្រឆាំងជាមួយកូវីដ ១៩ មានតែវ៉ាក់សាំងមួយមុខគត់ ហើយការប្រជែងអភិវឌ្ឍវ៉ាក់សាំងពីសំណាក់ប្រទេសជឿនលឿន ទាំងក្នុងតំបន់ និងអន្តរជាតិ មកទល់និងពេលនេះ គឺស្ថិតក្នុងក្តីបារម្ភនៅឡើយ ពិសេសទៅលើប្រសិទ្ធភាព និងសុវត្ថិភាព ដែល WHO ចាត់ទុកជារឿងសំខាន់បំផុត និងអាទិភាពមុនប្រើប្រាស់ជាផ្លូវការទៅលើមនុស្ស។

អ្នកជំនាញសុខាភិបាលទាំងក្នុងតំបន់ និងពិភពលោក មកទល់នឹងពេលនេះ នៅតែមិនអាចរកដំណោះស្រាយបានដើម្បីប្រយុទ្ធប្រឆាំងកូវីដ ១៩ បាន ដោយទទូចម្តងហើយម្តងទៀត អ្វីយើងទាំងអស់គ្នា អាចធ្វើបានពេលនេះ គឺរក្សាភាពអត់ធ្មត់ ការពារពីវីរុស រង់ចាំរហូតវ៉ាក់សាំងសម្រេចដោយជោគជ័យ៕ ដោយ៖ ត្នោត

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស