TNAOT News
· 2020-04-07
កូរ៉េខាងត្បូងជួយបរិក្ខារវេជ្ជសាស្ត្រ តម្លៃ២លានដុល្លារដល់អ៊ីរ៉ង់ ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19
#កូរ៉េខាងត្បូង# #ជំនួយ# #បរិក្ខារវេជ្ជសាស្ត្រ# #អ៊ីរ៉ង់# #សុខភាព# #ជំងឺ#
3786
ប្រភពព័ត៌មាន MEHR បានផ្សាយ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ថា ស្ថានទូតកូរ៉េខាងត្បូង ប្រចាំនៅអ៊ីរ៉ង់ កាលពីថ្ងៃទី៦ ខែមេសា បានប្រកាសថា កូរ៉េខាងត្បូងនឹងបញ្ជូនបរិក្ខារវេជ្ជសាស្ត្រ គិតជាប្រាក់មានតម្លៃសរុបប្រហែល២លានដុល្លារ ឲ្យដល់ប្រទេសអ៊ីរ៉ង់ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ។
ប្រភពបន្តថា នៅក្នុងសារតាមបណ្តាញទំនាក់ទំនងសង្គម Twitter ស្ថានទូតកូរ៉េខាងត្បូងបានបួងសួងសុំឲ្យឆាប់ទទួលបានជោគជ័យ ក្នុងការលុបបំបាត់វីរុស COVID-19 នៅក្នុងប្រទេសអ៊ីរ៉ង់ ក៏ដូចជា នៅជុំវិញពិភពលោកផងដែរ។
ស្ថានទូតកូរ៉េខាងត្បូង បានបញ្ជាក់ថា «កូរ៉េខាងត្បូងមានបំណងបញ្ជូនបរិក្ខារវេជ្ជសាស្ត្រទៅឲ្យប្រទេសអ៊ីរ៉ង់ ជួយដល់ប្រជាជនក្នុងប្រទេសនេះ កំពុងប្រយុទ្ធប្រឆាំងជំងឺកូរ៉ូណាវីរុស ឬដែលស្គាល់ថា COVID-19នោះ»។
ប្រភពបន្តថា រហូតមកដល់ពេលនេះ សម្ភារបរិក្ខារវេជ្ជសាស្ត្រតម្លៃប្រហែល ២០០ ០០០ ដុល្លារត្រូវបានបញ្ជូនដោយកូរ៉េខាងត្បូងទៅឲ្យសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់។
គួរបញ្ជាក់ថា នៅក្នុងប្រទេសអ៊ីរ៉ង់ វីរុស COVID-19 បានឆ្លងរាតត្បាតកើនឡើង ៦០ ៥០០ ករណី ក្នុងនោះបាត់បង់ជីវិត ៣ ៧៣៩នាក់ និង២៤ ២៣៦នាក់បានជាសះស្បើយ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)